ប្រជាជនទីក្រុងហុងកុងកាន់តែច្រើន «ទៅធ្វើលិខិតឆ្នងដែនអង់គ្លេស ដើម្បីទុកត្រៀមរត់ភៀសខ្លួន» ក្នុងករណីផ្ទុះបញ្ហាណាមួយធ្ងន់ធ្ងរ ជាមួយទីក្រុងប៉េកាំង!
ប្រជាជនរស់នៅទីក្រុងហុងកុងជាច្រើននាក់ ដែលមានក្តីកង្វល់អំពីការទន្ទ្រានឥតឈប់ឈរ និងកាន់តែកើនឡើង ពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំងនោះ កំពុងតែនាំគ្នាប្រញាប់ប្រញាល់ ទៅធ្វើលិខិតឆ្លងដែនចក្រភពអង់គ្លេស ដើម្បីត្រៀមទុកសម្រាប់ភៀសខ្លួនរកទីសុវត្ថិភាព នៅក្នុងករណីដែលភាពវឹកវរក្នុងសង្គមផ្ទុះឡើង ឬក៏សិទ្ធិសេរីធ្លាក់ចុះដុនដាបជាងនេះនៅហុងកុង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅល្ងាចថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០១៧។
ទិន្នន័យរបស់រដ្ឋាភិបាលអង់គ្លេស ប្រភពការទូតនានា និងការផ្តល់សក្ខីកម្មពីពលរដ្ឋចំនួន០៦នាក់ ដែលរស់នៅក្នុងទីក្រុងហុងកុង បានគូសវាសនូវផ្ទាំងរូបភាពយ៉ាងច្បាស់មួយ ស្តែងអំពីការកើនឡើននៃភាពភ័យព្រួយចំពោះអនាគតនាពេលខាងមុខ និងការមិនជឿទុកចិត្តចំពោះបណ្តាមេដឹកនាំនៃបក្សកុម្មុយនិស្តចិន នៅក្នុងទីក្រុងប៉េកាំង ជាពិសេសនោះគឺក្នុងចំណោមយុវវ័យជំនាន់ក្រោយៗ របស់ទីក្រុងហុងកុងតែម្តង។
អ្នកដែលមានលិខិតឆ្លងដែនបរទេស និងមន្រ្តីទូតនៅទីក្រុងហុងកុងបានឲ្យដឹងថា ការរួសរាន់ស្វែងរកការពារនៅក្រៅប្រទេសបែបនេះ គឺបានបណ្តាលមកចលនាតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុង ជាពិសេសនោះគឺជាធ្វើបាតុកម្មទ្រង់ទ្រាយធំ កាលពីឆ្នាំ២០១៤ និងការកើនឡើងនៃការអំពាវនាវឲ្យទាមទាររកឯករាជ្យ ឲ្យទីក្រុងហុងកុង ដែលជារឿងមិនអាចទទួលយកបានជាដាច់ខាត សម្រាប់ទីក្រុងប៉េកាំង។ បន្ថែមពីនេះ ការបាត់ខ្លួនដោយមិនដឹងមូលហេតុ នៃបុគ្គលមួយចំនួននៅហុងកុង ដែលបានលក់ដូរសៀវភៅរិះគន់ធ្ងន់ៗ ទៅលើបណ្តាថ្នាក់ដឹកនាំចិន ក៏បានធ្វើឲ្យប្រជាជនទីក្រុងហុងកុង បាត់បង់ទំនុកចិត្តលើពាក្យសន្យារបស់ទីក្រុងប៉េកាំង ស្តីពីមិនលូកដៃជ្រៀតជ្រែកផងដែរ។
គួរបញ្ជាក់ថា ប្រជាជនជាច្រើនក្នុងទីក្រុងហុងកុងសុទ្ធតែមានលិខិតឆ្លងដែន BN(O) ឬ British National (Overseas) ជាលិខិតឆ្លងដែនពិសេសមួយ ដែលត្រូវបានផ្តល់ជូនដល់អ្នកតាំងទីលំនៅអចិន្ត្រៃយ៍ក្នុងទីក្រុងនេះ នៅមុខឆ្នាំ១៩៩៧ ពោលគឺមុនពេលដែលចក្រភពអង់គ្លេស បានសម្រេចប្រគល់ហុងកុងឲ្យទៅរដ្ឋាភិបាលចិនដីគោកវិញ ក្រោមគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។ នាពេលនោះទីក្រុងប៉េកាំងបានសន្យាថា រដ្ឋបាលគ្រប់គ្រងឯករាជ្យរបស់ទីក្រុងហុងកុង នឹងបន្តគ្មានភាពប្រែប្រួលក្នុងអំឡុងពេលយ៉ាងតិច៥០ឆ្នាំ ក៏ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់ថា នឹងមានអ្វីកើតឡើងបន្ទាប់ពីរយៈពេលនោះកន្លងផុតទៅឡើយ។
ដោយឡែកកាលពីឆ្នាំទៅលិខិតឆ្លងដែន BN(O) មិនតិចជាង ៣៧,៥០០ច្បាប់នោះឡើយត្រូវបានធ្វើឲ្យមានសុពលភាពឡើងវិញ ដែលវាបានកើនឡើងដល់ទៅ ៤៤ភាគរយបើធៀបនឹងឆ្នាំ២០១៥ និងអត្រាច្រើនជាងគេបង្អស់ សម្រាប់អំឡុងពេលជាងមួយទសវត្សរ៍កន្លងទៅនេះ។ យ៉ាងណាមិញ BN(O) មិនផ្តល់សិទ្ធិស្នាក់នៅដោយស្វ័យប្រវត្តិ នៅក្នុងចក្រភពអង់គ្លេសនោះឡើយ ក៏ប៉ុន្តែអ្នកដែលមានលិខិតឆ្លងដែននេះ អាចធ្វើដំណើរដោយពុំចាំបាច់ទិដ្ឋាការនៅទីនោះ បានសម្រាប់ពេល០៦ខែ និងអាចមានសិទ្ធិជ្រកកោន និងស្ថិតក្រោមការពាររបស់អាជ្ញាធរអង់គ្លេសបាន។
បន្ថែមពីនេះទៀតការស្នើសុំចូលសញ្ជាតិបរទេស ពីសំណាក់ប្រជាពលរដ្ឋក្នុងទីក្រុងហុងកុងក៏មានការកើនឡើងផងដែរ ដែលពាក់ព័ន្ធនឹងបញ្ហាភ័យព្រួយជុំវិញអនាគតរបស់ទីក្រុងនេះ។ ដោយក្នុងនោះមានចក្រអង់គ្លេសផ្ទាល់ កាណាដា កោះតៃវ៉ាន់ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕
ប្រជាជនទីក្រុងហុងកុងកាន់តែច្រើន «ទៅធ្វើលិខិតឆ្នងដែនអង់គ្លេស ដើម្បីទុកត្រៀមរត់ភៀសខ្លួន» ក្នុងករណីផ្ទុះបញ្ហាណាមួយធ្ងន់ធ្ងរ ជាមួយទីក្រុងប៉េកាំង!
Reviewed by Cambodian Apsara Heart's Girl
on
4:32 AM
Rating:
No comments: