ពលរដ្ឋខែត្រស្ទឹងត្រែងជាង២០០នាក់តវ៉ាប្រឆាំងក្រុមហ៊ុនវារីអគ្គិសនីរុះរើស្ពានស្រែពក
ពលរដ្ឋជាង ២០០នាក់ មកពីឃុំតាឡាត ឃុំស្រែគរ និងឃុំក្បាលរមាស នៃស្រុកសេសាន ខែត្រស្ទឹងត្រែង លើកគ្នាតវ៉ានៅស្ពានស្រែពក ដោយទាមទារឲ្យក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ និងអាជ្ញាធរខែត្រស្ទឹងត្រែង បញ្ឈប់រុះរើស្ពានស្រែពក ជាបន្ទាន់។ ការទាមទារនេះ ក្រោយពីក្រុមហ៊ុនសម្រេចរុះរើស្ពានស្រែពក ចេញពីទន្លេស្រែពក នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ដោយលើកហេតុផលថា តំបន់នោះឋិតក្នុងផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ពលរដ្ឋសម្ដែងការខឹងសម្បាយ៉ាងខ្លាំង និងស្រែកតវ៉ាឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរុះរើស្ពានស្រែពក ដែលពួកគាត់ចាត់ទុកថា បង្កការរាំងស្ទះដល់ការធ្វើដំណើររបស់អ្នកភូមិរាប់ពាន់គ្រួសារ និងហាក់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចពលរដ្ឋនៅតំបន់នោះ។
ពលរដ្ឋរស់នៅឃុំស្រែគរ ស្រុកសេសាន លោកស្រី សារ៉ុន សាខុម ឲ្យដឹងនៅថ្ងៃទី២៨ មិថុន ថា ការរុះរើស្ពាននេះហាក់ដាក់សម្ពាធឲ្យអ្នកភូមិស្រែគរ ព្រមទទួលសំណងពីក្រុមហ៊ុន បើទោះបីជាអ្នកភូមិជាង ៩០គ្រួសារទៀត នៅតែបដិសេធមិនព្រមចាកចេញ។ លោកស្រីចាត់ទុកស្ពាននេះថាជាចរន្តសេដ្ឋកិច្ចរបស់អ្នកភូមិច្រើនទសវត្សរ៍មកហើយ ប្រសិនរុះរើផលប៉ះពាល់នឹងរឹតតែធ្ងន់ធ្ងរ៖ «»។
ពលរដ្ឋម្នាក់ទៀតរស់នៅឃុំក្បាលរមាស លោក អើន ធី អំពាវនាវឲ្យអាជ្ញាធរខែត្រ និងក្រុមហ៊ុន រក្សាស្ពាននេះសម្រាប់ពលរដ្ឋធ្វើដំណើរ ខណៈពលរដ្ឋរាប់ពាន់គ្រួសារពឹងផ្អែកលើស្ពាននេះសម្រាប់ធ្វើដំណើរ និងប្រកបរបរចិញ្ចឹមជីវិត។ លោកទាមទារឲ្យអាជ្ញាធរ និងក្រុមហ៊ុនត្រូវកសាងផ្លូវ ឬស្ពានណាមួយដែលធានាថា អ្នកភូមិធ្វើដំណើរបានជាមុនសិន ប្រសិនបើរុះរើស្ពាននេះ៖ «»។
ស្ពានស្រែពក កសាងនៅឆ្នាំ១៩៧៩ ធ្វើពីដែកមានប្រវែងប្រហែល ៦០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ដោយឆ្លងកាត់ទន្លេស្រែពក ឋិតនៅផ្លូវលេខ ៧៨ ភ្ជាប់ផ្លូវជាតិលេខ៧ ផ្លូវទៅខែត្ររតនគិរី។ ស្ពាននេះឆ្ងាយពីទីរួមខែត្រស្ទឹងត្រែង ប្រហែល ៨០គីឡូម៉ែត្រ។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ដើម្បីសុំការបំភ្លឺជុំវិញការទាមទារនេះបានទេ នៅថ្ងៃទី២៨ ខែមិថុនា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
អភិបាលរងខែត្រស្ទឹងត្រែង លោក ដួង ពៅ ដែលចុះសម្របសម្រួលបញ្ហានេះ លើកឡើងថា ផ្អែកតាមលក្ខខណ្ឌបច្ចេកទេស ស្ពានស្រែពក នឹងលិចលង់ ប្រសិនបើក្រុមហ៊ុនបិទទឹកនៅខែកក្កដា ខាងមុខនេះ។ ហេតុនេះក្រសួងសាធារណការ និងរាជរដ្ឋាភិបាលសម្រេចឲ្យរុះរើស្ពានជាបន្ទាន់។ លោកបញ្ជាក់ថា ជុំវិញសំណូមពររបស់ពលរដ្ឋមិនឲ្យរុះរើស្ពាននេះ លោកនឹងពាំនាំការលើកឡើងនេះទៅថ្នាក់លើដើម្បីសម្រេច៖ «»។
មន្ត្រីសង្គមស៊ីវិលយល់ថា គោលនយោបាយវាយតម្លៃផលប៉ះពាល់បរិស្ថាននៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០១២ បង្ហាញថា ក្រុមហ៊ុនត្រូវទទួលខុសត្រូវ ការសាងសង់ស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ជាមុនសិនទើបអាចរុះរើបាន។ ហេតុនេះការសម្រេចរុះរើស្ពានស្រែពក គឺផ្ទុយពីគោលនយោបាយវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់រាជរដ្ឋាភិបាល។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ផ្ដល់ទស្សនៈថា ក្រុមហ៊ុន និងរាជរដ្ឋាភិបាលត្រូវពិភាក្សាគ្នាពាក់ព័ន្ធការអនុវត្តគោលនយោបាយវាយតម្លៃផលប៉ះពាល់បរិស្ថាន ហើយរាជរដ្ឋាភិបាលត្រូវពិនិត្យមើលលទ្ធផលការអនុវត្តគោលនយោបាយវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុនឲ្យច្បាស់លាស់ និងត្រូវរៀបចំយុទ្ធសាស្ត្រយ៉ាងណាដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋនៅតំបន់នោះ។ លោកបារម្ភថា ប្រសិនបើក្រុមហ៊ុន និងអាជ្ញាធររុះរើស្ពានស្រែពក ចេញ ទំហំនៃផលប៉ះពាល់នឹងកើនឡើង៖ «»។
កាលពីដើមខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានផ្ញើលិខិតទៅរដ្ឋបាលខែត្រស្ទឹងត្រែង បំណងឲ្យអាជ្ញាធរខែត្ររូតរះជម្លៀសពលរដ្ឋជាង ១០០គ្រួសារទៅតាំងទីលំនៅថ្មីឲ្យបានមុនខែកក្កដា ខាងមុខ។ ខ្លឹមសារលិខិតនោះបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនបិទទ្វារទឹកសាកល្បងនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧ កម្រិតទឹកនឹងឡើងដល់ ៧២ម៉ែត្រ បណ្ដាលឲ្យលិចលង់ភូមិក្បាលរមាស និងភូមិស្រែគរចាស់ ហើយរហូតមកទល់ពេលនេះ ពលរដ្ឋមិនទាន់ព្រមទទួលសំណងមាននៅឃុំក្បាលរមាស ៣០គ្រួសារ និងឃុំស្រែគរ ៩១គ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
ពលរដ្ឋខែត្រស្ទឹងត្រែងជាង២០០នាក់តវ៉ាប្រឆាំងក្រុមហ៊ុនវារីអគ្គិសនីរុះរើស្ពានស្រែពក
Reviewed by Cambodian Apsara Heart's Girl
on
4:44 AM
Rating:
No comments: